(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
“យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨” គឺជាផែនទីបង្ហាញផ្លូវមួយ និងជាចក្ខុវិស័យដ៏សំខាន់ដែលមានគោលដៅផ្ដល់នូវសេវាអាទិភាពចំនួន៨០ ដែលជាសេវាចាំបាច់សម្រាប់ធុរកិច្ច ក្នុងនោះមានក្រសួង-ស្ថាប័នចំនួន២១ ទទួលបន្ទុក ផ្ដល់សេវាអេឡិចត្រូនិកក្នុងសេដ្ឋកិច្ចឌីជីថល សម្រាប់ធុរកិច្ច ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង សំដៅកែសម្រួលបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែមានអំណោយផល។
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ នាព្រឹកនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ដោយមានអ្នកចូលរួមសរុបប្រមាណជា ៤០០រូប៕