(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិតេជោសន្ដិភាព បានអញ្ជើញចុះទស្សនកិច្ចដោយផ្ទាល់នៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព លើស្ថានភាព និងរំហូរនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. និងសាធារណជន ព្រមទាំងបានជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យជាតិតេជោសន្ដិភាពផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងលោកនាយកមន្ទីរពេទ្យ ព្រមទាំងប្រតិភូទាំងអស់ បានជួបពិភាក្សាស្វែងយល់អំពីចំណុចខ្វះខាតរវាងគ្នាដើម្បីបំពេញបន្ថែម សំដៅដល់កិច្ចសហការកាន់តែជិតស្និទ្ធ ដើម្បីធានាបានគុណភាពនៃការផ្ដល់សេវា ជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ច្បាស់លាស់ ជាមួយក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងដំណើរចុះទស្សនកិច្ចនាព្រឹកនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ នៃមន្ទីរពេទ្យ ដែលបានខិតខំបម្រើសេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រួសរាយរាក់ទាក់ និងឥរិយាបទទន់ភ្លន់ ដែលធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស. ទទួលបានភាពកក់ក្តៅនៅពេលមកទទួលសេវានៅទីនេះ បើទោះបីជាការផ្ដល់សេវាមានភាពមមាញឹកយ៉ាងណាក្ដី៕