(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ដើម្បីចែករំលែកបទពិសោធន៍ នៃការធ្វើប្រតិបត្តិការប្រព័ន្ធសន្ដិសុខសង្គមរបស់ ប.ស.ស. និងការអនុវត្តការងារផ្តល់សេវាធានារ៉ាប់រងឯកជនរបស់សម្ព័ន្ធក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា)។
ជំនួបនាព្រឹកនេះ ផ្ដោតសំខាន់លើការអនុវត្តយន្ដការទូទាត់សំណង យន្ដការ ត្រួតពិនិត្យភាពមិនប្រក្រតីនៃការទាមទារសំណង បញ្ហាប្រឈមជាមួយមូលដ្ឋានសុខាភិបាល និងការដោះស្រាយបណ្ដឹងរបស់សមាជិក តាមរយៈ Call Center។
នៅក្នុងជំនួបពិភាក្សាខាងលើ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ ប.ស.ស. ដែលបានកសាងទំនុកចិត្ត ព្រមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ តាមរយៈការផ្ដល់ការធានាលើសេវាថែទាំសុខភាព និងការផ្ដល់នូវអត្ថប្រយោជន៍នានាជូនសមាជិកខ្លួន ប្រកបដោយភាពច្បាស់លាស់ ហើយនេះក៏ជាមាគ៌ាវិជ្ជមានសម្រាប់វិស័យសន្តិសុខសង្គម និងវិស័យធានារ៉ាប់រងឯកជន ក្នុងការកសាងទំនុកចិត្តពីសមាជិក និងប្រជាពលរដ្ឋផងដែរ៕