Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិ ស្ដីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”

    ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិ ស្ដីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
    ពិធីនេះរៀបចំឡើងក្នុងគោលបំណងចូលរួមពង្រីកការគ្របដណ្ដប់កិច្ចគាំពារសង្គម សន្តិសុខសង្គម ដល់កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក៏ដូចជាគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
    ក្នុងឱកាសនោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានអញ្ជើញទទួលសៀវភៅ ផែនការប្រតិបត្តិ ស្ដីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គមឆ្នាំ២០២៤-២០២៦ ដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
    ជាមួយគ្នានោះដែរ លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម នៃ ប.ស.ស. បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពីការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ជូនដល់អ្នកចូលរួមទាំងអស់ឱ្យយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។
    សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.