Mail |
  • ភាសាខ្មែរ
  • English
  • ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទានតាមគោលការណ៍បទប្បញ្ញត្តិនៃច្បាប់ ជាការធានានូវសុខុមាលភាពកម្មករនិយោជិតរបស់ខ្លួន

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមគោលការណ៍បទប្បញ្ញត្តិនៃច្បាប់ គឺជាទំនួលខុសត្រូវរបស់និយោជក និងជាការធានានូវសុខុមាលភាពកម្មករនិយោជិតរបស់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងពេលបំពេញការងារ ពិសេសគឺការទទួលបាននូវអត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននៅពេលដែលពួកគាត់ដល់វ័យចាស់ជរា។
    នេះជាប្រសាសន៍ថ្លែងឡើង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបើកពិធីផ្សព្វផ្សាយ “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” និង “ដំណើរការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងបង់ភាគទានមកបេឡាជាតិសន្ដិសុខសង្គម” ជូនតំណាងសហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងដង្កោ សរុបប្រមាណជា ៣០០រូប ដែលប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានបញ្ជាក់បន្ថែមផងថា កន្លងមកមានសហគ្រាស គ្រឹះស្ថានមួយចំនួនបានអនុវត្តការចុះបញ្ជិកាសហគ្រាសខ្លួនមក ប.ស.ស. បានយ៉ាងត្រឹមត្រូវ ប៉ុន្ដែកម្មករនិយោជិតមិនព្រមមកធ្វើប័ណ្ណសមាជិក ប.ស.ស. ដែលទាមទារឱ្យសហគ្រាស គ្រឹះស្ថានជំរុញទៅកាន់សាមីខ្លួនផ្ទាល់ ឱ្យមកធ្វើប័ណ្ណសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ព្រោះនៅពេលដែលនិយោជិតម្នាក់នោះមានបញ្ហាសុខភាព ឬគ្រោះថ្នាក់អ្វីមួយ និងមានបណ្ដឹង មក ប.ស.ស. នោះសហគ្រាស គ្រឹះស្ថានជាអ្នកទទួលត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានអំពាវនាវដល់តំណាងសហគ្រាស គ្រឹះស្ថាន សូមផ្សព្វផ្សាយបន្តដល់កម្មករនិយោជិតរបស់ខ្លួន ដែលជាសមាជិក ប.ស.ស. ប្រសិនបើមានប្ដី-ប្រពន្ធ ឬកូននៅក្នុងបន្ទុក សូមជួយជំរុញពួកគាត់ឱ្យទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិតបំផុតឱ្យបានគ្រប់ៗគ្នា ដើម្បីក្លាយជាសមាជិក ប.ស.ស. និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមស្របតាមបទប្បញ្ញត្តិជាធរមាន៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.