(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីពិនិត្យ និងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវាជូនសមាជិក ប.ស.ស. នៅមន្ទីរពេទ្យរដ្ឋដ៏ធំមួយនេះ។
ជំនួបពិភាក្សាពេញមួយព្រឹកនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការកើនឡើងដោយគំហុក នៃការចូលទៅប្រើប្រាស់សេវារបស់សមាជិក ប.ស.ស. ដែលបង្កឱ្យមានការកកស្ទះខ្លាំង និងធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការផ្តល់សេវា។
ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរពេទ្យព្រះអង្គឌួង នឹងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀត ធ្វើយ៉ាងណាសម្រួលដល់ការផ្តល់សេវាជូនសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា បើទោះបីជាមានបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិក ប.ស.ស. មកទទួលសេវា មានការកើនឡើងច្រើនយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅដោយផ្ទាល់នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ ប.ស.ស. និងថ្នាក់ដឹកនាំមន្ទីរពេទ្យសរុបប្រមាណជាង ១០រូប៕