ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមពិធីបើក «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ។
សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ មានរយៈពេល២ថ្ងៃ ក្រោមមូលបទ «អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្ដជីវិត»។ សប្តាហ៍គាំពារសង្គមកម្ពុជា គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធន៍, និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គមពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និង លើសកលលោក។ ជាពិសេសដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដល់អ្នកទទួលផល និងសាធារណជនឱ្យបានជ្រាបកាន់តែច្បាស់។
សូមបញ្ជាក់ថា កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ តំណាងស្ថាប័នស្រាវជ្រាវ សិស្ស-និស្សិត និង អ្នកទទួលផល សរុបចំនួនប្រមាណជា ១ ០០០នាក់ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ៕