Mail |
  • ភាសាខ្មែរ
  • English
  • សមាជិក ប.ស.ស. បង្ហាញការពេញចិត្តចំពោះការទៅទទួលសេវានៅមន្ទីរពេទ្យព្រះកេតុមាលា

    (ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋជាសមាជិក ប.ស.ស. ជាច្រើន បានបង្ហាញការពេញចិត្តចំពោះការទៅទទួលសេវានៅមន្ទីរពេទ្យព្រះកេតុមាលា និងបានលើកឡើងពីការពិតថា ប័ណ្ណ ប.ស.ស. ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់។
    លោក អ៊ាប ចាន់ធូ ជាសមាជិក ប.ស.ស. ម្នាក់ ក្នុងចំណោមសមាជិក ប.ស.ស. ជាច្រើននាក់ដែលកំពុងសម្រាកព្យាបាលដោយការវះកាត់សរសៃជើង ក្នុងមន្ទីរពេទ្យព្រះកេតុមាលា លោកបានបង្ហាញពីអារម្មណ៍ពិតថា លោកពិតជារំភើប និងកក់ក្តៅខ្លាំងណាស់ ដែលត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រើប្រាស់ប័ណ្ណ ប.ស.ស. ដូចការប្រឌិតព័ត៌មាននៅលើបណ្តាញសង្គម និងក្រុមអគតិមួយចំនួនដែលកំពុងបំពុលនោះឡើយ។
    លោកបានបន្តថា សម្រាប់ការព្យាបាលជំងឺរបស់លោក ប្រសិនបើគ្មានប័ណ្ណ ប.ស.ស. ទេ ម្ល៉េះលោកត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារសម្រាប់ការវះកាត់ ហើយគាត់ក៏មិនដឹងថាបានប្រាក់ឯណាមកចេញថ្លៃព្យាបាលភ្លាមនោះដែរ។ លោកបន្តថា រូបគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតក្នុងសម័យដែលប្រទេសជាតិមានសុខសន្តិភាព និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសការផ្តល់ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស.។
    ដោយឡែកកូនប្រុសរបស់លោក ប៊ិន ហុន ជាសមាជិក ប.ស.ស. ដែលឪពុករបស់លោកកំពុងសម្រាកព្យាបាលជំងឺដោយការវះកាត់សរសៃឈាមខួរក្បាល បានរៀបរាប់ឱ្យដឹងថា ប្រសិនបើឪពុករបស់លោកគ្មានប័ណ្ណសមាជិក ប.ស.ស. ទេ នោះមិនដឹងថាក្រុមគ្រួសាររបស់លោកត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះឡើយ ហើយក្រុមគ្រួសាររបស់លោកក៏មិនដឹងថាបានប្រាក់ឯណាមកចេញថ្លៃព្យាបាលនោះដែរ ព្រោះតាមគ្រូពេទ្យបញ្ជាក់ ការវះកាត់សសៃឈាមខួរក្បាលនេះ គឺត្រូវចំណាយប្រាក់អស់រាប់ពាន់ដុល្លារ។
    ជាមួយគ្នានេះ សមាជិក ប.ស.ស. ផ្សេងទៀត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក ប.ស.ស. កុំមានការយល់ច្រឡំ និងជឿតាមការផ្សព្វផ្សាយរបស់ក្រុមអគតិមួយចំនួនដែលផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំបន្តទៀត។ បន្ថែមពីនេះ ប្រជាពលរដ្ឋជាសមាជិក ប.ស.ស. ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិដ៏ល្អមួយនេះ ជួយធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយចំណាយ ដែលជាគន្លឹះក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ។
    ឯកឧត្តមឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលាបានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យព្រះកេតុមាលា គឺជាមន្ទីរពេទ្យរដ្ឋមួយនៅកម្ពុជា ដោយមានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាលអ្នកជំងឺ និងមិនចាញ់មន្ទីរពេទ្យនៅបណ្តាប្រទេសជិតខាងនោះទេ។ ឯកឧត្តមនាយកមន្ទីរពេទ្យ បានបន្តថា គ្រប់ពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ គឺនឹងទទួលបានការផ្តល់សេវាដូចៗគ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។
    ឯកឧត្តមនាយកមន្ទីរពេទ្យ បានបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីមន្ទីរពេទ្យព្រះកេតុមាលា បានបើកទទួលផ្តល់សេវាជូនសមាជិក ប.ស.ស. រហូតមកដល់ពេលនេះ គឺមានពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់ ដោយគ្រាន់តែមួយថ្ងៃ គឺមានពលរដ្ឋមកទទួលសេវាប្រមាណជា ៣៥០នាក់ ហើយក្នុងនោះ មានអ្នកជំងឺជាសមាជិក ប.ស.ស. (ប្រើប្រាស់ប័ណ្ណ ប.ស.ស.) មានរហូតដល់ជាង ២០០នាក់ ដែលស្មើជាងពាក់កណ្តាលនៃអ្នកជំងឺសរុប ក៏បានមកទទួលសេវានៅទីនេះផងដែរ។
    សូមបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គ្រាន់តែដើមឆ្នាំ២០២៥ គិតចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវា នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. សរុបប្រមាណជា ៩០៨,៦០៨ ដង-នាក់ ក្នុងនោះសមាជិក ប.ស.ស. តាមរបបភាគទានជាកាតព្វកិច្ចមានសរុបប្រមាណ ៧០៦,៨០៦ ដង-នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.