Mail |
  • ភាសាខ្មែរ
  • English
  • គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងថ្នាក់ដឹកនាំ ប.ស.ស. បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណ:កម្មការទី៨) ដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស ដើម្បីឈ្វេងយល់អំពីការធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុក្រឹតភាព។
    ក្នុងជំនួបពិភាក្សានេះ លោកជំទាវប្រធានគណៈកម្មការទី៨ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ មានការទទួលស្គាល់ និងទទួលបាននូវទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេស សមាជិក ប.ស.ស. លើការទទួលបានរបបសន្តិសុខសង្គមពេញលេញ។
    លោកជំទាវប្រធានគណៈកម្មការទី៨ បានបន្ថែមទៀតថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសាកល ក្នុងន័យនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណប្រតិភូ នៃគណ:កម្មការទី៨ នៃរដ្ឋសភា និងបានធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គមដោយក្នុងនោះរួមមាន៖(១).វឌ្ឍនភាព និងការអនុវត្តរបបសន្តិសុខសង្គម (២).ប្រតិបត្តិការ និងរចនាសម្ព័ន្ធ ប.ស.ស. (៣). ការធ្វើបរិវត្តកម្មបច្ចេកវិទ្យារបស់ ប.ស.ស. (៤).បញ្ហាប្រឈម ដំណោះស្រាយនានា និងទិសដៅអនុវត្តបន្ត ព្រមទាំងចក្ខុវិស័យដែលត្រូវបន្ដការងារអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.