(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញ ប.ស.ស. ជួបពិភាក្សាការងារពាក់ព័ន្ធនឹង គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការថ្មី (New ODA Project) ជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) ដែលដឹកនាំដោយលោក OK Jang Won ប្រធាននាយកដ្ឋានស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារ ដោយមានអ្នកចូលរួមប្រមាណជាង ២០រូប។
ក្នុងជំនួបនេះ ឯកឧត្តម បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានគូសរំលេចអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរកន្លងមក និងសង្ឃឹមថា ទស្សនកិច្ចនាឱកាសនេះ នឹងផ្ដល់ជាធាតុចូលយ៉ាងសំខាន់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការថ្មី (New ODA Project)។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ របស់គណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា គឺដើម្បីសិក្សាសមិទ្ធិលទ្ធភាពស៊ីជម្រៅនៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការថ្មី (New ODA Project) ស្តីពី ការពង្រឹងការអនុវត្តប្រព័ន្ធគ្រប់គ្រងករណី និងសេវាស្តារនីតិសម្បទាសម្រាប់ការត្រឡប់ចូលបម្រើការងារឡើងវិញ របស់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា ដែលជាសកម្មភាពនៅក្នុងផែនការមេរយៈពេលមធ្យម និងវែងនៃប្រព័ន្ធស្តារនីតិសម្បទា និងវេជ្ជសាស្ត្រសម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា៕