Mail |
  • ភាសាខ្មែរ
  • English
  • តំណាង ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ប្រមាណជា ២០០នាក់ចូលរួមឈ្វេងយល់ពី “គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម”

    ភ្នំពេញ៖ តំណាង ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ប្រមាណជា ២០០នាក់ចូលរួមឈ្វេងយល់ពី “គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម” ដែលរៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
    ពិធីផ្សព្វផ្សាយខាងលើនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងមានវិសាលភាពគ្របដណ្ដប់សមាជិកឱ្យកាន់តែទូលំទូលាយ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយករង បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករនិយោជិត ចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីជាមួយ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេងៗ រួមទាំងប្រាក់សោធនផងដែរ។
    ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយករង សង្ឃឹម និងជឿជាក់ថា អ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងសួរឱ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានធ្វើបទបង្ហាញជូន។
    យោងតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជំពូកទី៩ ទោសប្បញ្ញត្តិ មាត្រា៩៨ ការមិនអនុវត្តកាតព្វកិច្ចបង់ភាគទាន បានចែងថា និយោជក នៃសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ច នៃការបង់ភាគទានតាមកាលកំណត់ ឬមិនអនុវត្តកាតព្វកិច្ចរាយការណ៍ពីកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា៨២នៃច្បាប់នេះ ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ពី១០(ដប់)ដងទៅ៣០(សាមសិប)ដង នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។ ការពិន័យនេះត្រូវអនុវត្តស្មើនឹងចំនួនមនុស្សដែលនិយោជកបានប្រើប្រាស់ក្នុងលក្ខខណ្ឌផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់នេះ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.