Mail |
  • ភាសាខ្មែរ
  • English
  • ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា បញ្ជរសេវាសាធារណៈចល័តនេះ គឺជាស្នាដៃសិស្ស-និស្សិតរបស់វិទ្យាស្ថាន TVET បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករ-កម្មការិនី និយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈនានារបស់ក្រសួង នៅតាមទីតាំងសាធារណៈនានា ដែលនៅជិតគេហដ្ឋានរបស់ខ្លួនតែម្តង ដែលមានមុខងារផ្តល់សេវាសាធារណៈតាមបែបឌីជីថល ដូចជា សេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ, សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស, សេវាចុះឈ្មោះសមាជិក ប.ស.ស., ជាពិសេស បញ្ជរចល័តនេះ ក៏មានមុខងារ ប្រអប់បណ្តឹងអនាមិក និងប្រអប់សំណូមពរ ដែលផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការផ្តល់ជាព័ត៌មាន ឬដាក់បណ្តឹងអនាមិកមកកាន់ក្រសួង ក្នុងករណីមានបញ្ហាណាមួយពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដោយមិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យបណ្តឹងនោះឡើយ។
    ក្នុងឱកាសនេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិត្តិយសប្រគល់បញ្ជរសេវាសាធារណៈចល័តជូនដល់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
    សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមប្រមាណជាង​ ២០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.