Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំណែនាំ និងតម្រង់ទិស​ជូនដល់មន្ត្រី​អធិការកិច្ច​សន្តិសុខ​សង្គម​ អំពីគោលការណ៍នៃការចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដែលនឹងអនុវត្តឆាប់ៗខាងមុខនេះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំកិច្ចប្រជុំ​ណែនាំ និងតម្រង់ទិសជូនដល់មន្ដ្រីអធិការកិច្ចសន្ដិសុខសង្គម និងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទូទាំងប្រទេស អំពីគោលការណ៍នៃការចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះតទៅ។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា គោលបំណង នៃការចុះអធិការកិច្ចនេះ​ ដើម្បីពង្រឹងការត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់នូវវិធានការលើការចុះបញ្ជីសហគ្រាស គ្រឹះស្ថានថ្មី ការរាយការណ៍ចំនួនកម្មករនិយោជិត ការបង់ភាគទាន និងការប្រកាសប្រាក់ឈ្នួលឱ្យបានត្រឹមត្រូវ ដែលទាមទារឱ្យមន្រ្ដីអធិការកិច្ចសន្ដិសុខសង្គម និងថ្នាក់ដឹកនាំគ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តភារកិច្ច សំដៅដល់ការធានាឱ្យបាននូវផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមជូនដល់បងប្អូនកម្មករនិយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពនៃមូលនិធិសន្តិសុខសង្គម។
    ក្នុងករណី សហគ្រាស គ្រឹះស្ថាន មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវ ឬមិនអនុវត្តកាតព្វកិច្ចរាយការណ៍អំពីចំនួនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ឬការដកយកភាគទានមិនអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម នោះ​ ប.ស.ស. នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថាមន្រ្ដីអធិការកិច្ចសន្ដិសុខសង្គម និងថ្នាក់ដឹកនាំគ្រប់ សាខា ប.ស.ស. ទូទាំងប្រទេស នឹងអនុវត្តកាតព្វកិច្ចនេះ ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.