(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញចូលរួមប្រជុំពិភាក្សាជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន HITACHI ដែលដឹកនាំដោយ លោក Takayuki FURUTANI នាយកគ្រប់គ្រងគម្រោង ស្តីពី វឌ្ឍនភាពនៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍគម្រោង HAPPINESS ស្តីពីប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស.។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស. និងជំហានបន្ទាប់។
គួររម្លឹកថា នាពេលកន្លងមក ក្រុមហ៊ុន HITACHI បានមកទស្សនកិច្ចនៅកម្ពុជា និងប្រជុំពិភាក្សាជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ ប.ស.ស. តាមរយៈប្រព័ន្ធអនឡាញ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីរាជរដ្ឋាភិបាលជប៉ុន ការឈ្វេងយល់អំពីស្ថានភាពជាក់ស្តែងនៃប្រព័ន្ធ ICT របស់ ប.ស.ស. នាពេលបច្ចុប្បន្ន និងការស្នើសុំទិន្នន័យចាំបាច់នានា ដើម្បីអនុវត្តគម្រោង HAPPINESS ស្តីពី ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស.។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ ប្រព្រឹត្តទៅនៅ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. និងតំណាងក្រុមហ៊ុន HITACHI សរុបប្រមាណជាង ១០រូប៕