(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយប្រកាសស្ដីពី “លក្ខខណ្ឌ បែបបទ និងនីតិវីធីនៃការផ្ដល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត សេវាស្ដារនីតិសម្បទា សេវាឬការព្យាបាលនិងការថែទាំវេជ្ជសាស្រ្តដែលមិនរាប់បញ្ជូល និងការផ្ដល់សេវាបង្ការសុខភាព និងការកំណត់បញ្ជីជំងឺរ៉ាំរ៉ៃក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច”។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីដំណើរការនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត នាពេលបច្ចុប្បន្នជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. សំដៅធានាប្រសិទ្ធភាពនៃការអនុវត្តរបបសន្តិសុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃប.ស.ស. ចាំបាច់ត្រូវមានចំណេះដឹង សមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវា ជូនសមាជិក ប.ស.ស. ដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងទាន់ពេលវេលា។
តាមរយៈពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ ឯកឧត្តមអគ្គនាយករង សង្ឃឹមថា ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. ដែលចូលរួមទាំងអស់ នឹងយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ និងសាកសួរទៅកាន់វាគ្មិនឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ យកទៅបំពេញការងារ បម្រើសេវាជូនបងប្អូនជាសមាជិក ប.ស.ស.។
ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសន្ដិភាព ទីស្នាក់ការកណ្ដាល ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាលដោយផ្ទាល់ និងប្រធាន អនុប្រធានសាខាខេត្ត-ខណ្ឌ តាមរយៈប្រព័ន្ធ Zoom សរុបប្រមាណជាង៣០០រូប៕