Mail |
  • ភាសាខ្មែរ
  • English
  • បងប្អូនកម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ១១រាជធានី-ខេត្ត បានទទួលការផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ” តាមរយ: ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:

    (ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ស.ផ.ក តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ TAIEASY INTERNATIONAL CO.,LTD ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមប្រមាណជាង ៤០០នាក់។
    ថ្លែងបើកពិធីផ្សព្វផ្សាយ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានឱ្យដឹងថា បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែសហការជាមួយភាគីពាក់ព័ន្ធដើម្បីចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងធ្វើបច្ចុប្បន្នភាពកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត ម៉ូតូ ឬកង់ នៅតាមបណ្តា រោងចក្រ សហគ្រាស។ បើគិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារ ស.ផ.ក បានចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស សរុបចំនួន១៤១លើក ដែលមានអ្នកចូលរួមប្រមាណជាង ១ម៉ឺន ៥ពាន់នាក់។
    ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានបន្ថែមថា ការចុះអប់រំផ្សព្វផ្សាយជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស. ឱ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករលាក់មុខនៅលើដងផ្លូវ។ ក្នុងន័យនេះ ទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ។
    មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមគ្រប់រូបភាព ហើយជាពិសេសម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ ក្នុងទឹកដីខេត្តពោធិ៍សាត់ ត្រូវជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស របស់ខ្លួន ឱ្យចូលរួមពិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យពួកគាត់បានយល់ដឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ហើយអ្នកបើកបររថយន្តដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករនិយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.