(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានស្នើអង្គសិក្ខាសាលា ត្រូវចូលរួមចែករំលែកនូវបទពិសោធន៍ ធាតុចូលសំខាន់ៗ និងឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ការថ្លែងបែបនេះក្នុងឱកាសដែល ឯកឧត្ដមបណ្ឌិត អញ្ជើញធ្វើជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំ សម្រាប់ការអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), អង្គការហ្រ្គេត (GRET), សមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួល និងក្រុមការងារបច្ចេកទេសគម្រោង, ដៃគូអភិវឌ្ឍន៍, អង្គការ និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៤០រូប។
ឯកឧត្ដមបណ្ឌិត បានថ្លែងបន្ដថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្រេ្គត លើការអនុវត្តគម្រោង SASI គឺពិតជា បានរួមចំណែកយ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. តាមរយៈកិច្ចប្រជុំ និងទស្សនកិច្ចសិក្សានានា ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងបច្ចេកទេសថ្មីៗយកមកអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់វិស័យកសិកម្មនៅក្នុងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ សម្រាប់សិក្ខាសាលាប្រចាំឆ្នាំ របស់គម្រោង SASI នាឱកាសនេះ ជាការពិភាក្សាអំពីទស្សនវិស័យ ផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តបន្ត និងការផ្តល់អនុសាសន៍ផ្សេងៗ សម្រាប់ការអនុវត្តគម្រោងនាពេលអនាគត ហើយដែលសិក្ខាសាលាប្រចាំឆ្នាំនាថ្ងៃនេះ ក៏មានការបង្ហាញអំពីលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការ និងវាយតម្លៃទៅលើលទ្ធផលសម្រេចបាននៃការអនុវត្តគម្រោង ជាពិសេសការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាប្រឈមដែលកើតមានកន្លងមកផងដែរ។
សូមបញ្ជាក់ថា៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គការហ្រ្គេត (GRET) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់ការអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) ដែលមានរយៈពេលអនុវត្តចំនួន ២៤ខែ ៕