(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានចូលរួមអម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “បញ្ហាប្រឈមគ្រោះថ្នាក់ការងារនិង សុខភាព សុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា”។
សិក្ខាសាលានេះ រៀបចំឡើងដោយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសណ្ឋាគារសាន់វេរ រាជធានីភ្នំពេញ ក្នុងន័យបង្កើនទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញក្របខ័ណ្ឌគោលនយោបាយជាតិសម្រាប់ការលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ឱ្យមានភាពល្អប្រសើរឡើង។
សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះយោបល់ខាងលើ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការជាតិ និងអន្តរជាតិ អង្គការវិជ្ជាជីវៈ និងតំណាងសមាគម សរុបប្រមាណជិត ១០០នាក់៕