ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទបង្ហាញអំពីការអនុវត្តរបបសន្តិសុខសង្គម នៅក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតអគ្គនាយករង ប.ស.ស. បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពីការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ជូនទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវដល់មន្ត្រីរាជការ ដែលមានសហព័ទ្ធ (ប្តី ឬប្រពន្ធ) និងកូនក្នុងបន្ទុក សូមអញ្ជើញទៅចុះឈ្មោះទាំងអស់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រមាណជា ១០០នាក់៕