(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសបកស្រាយអំពីប្រធានបទ “អត្ថប្រយោជន៍និយោជិតពីបេឡាជាតិសន្ដិសុខសង្គម” ដែលជាប្រធានបទមួយក្នុងចំណោមប្រធានបទ៩ នៃកម្មវិធី៖ “ជជែកវែកញែកពីនេះពីនោះ” រដូវកាលទី២ ក្រោមប្រធានបទ “ស្វែងយល់ស៊ីជម្រៅពីការចុះបញ្ជីអាជីវកម្ម និងការស្នើសុំអាជ្ញាបណ្ណតាមវិស័យ” ដែលរៀបចំឡើងដោយក្រុមការងារអន្ដរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយស ឯកឧត្ដមបណ្ឌិតអគ្គនាយករង ប.ស.ស. បានអំពាវនាវដល់គ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ ព្រមទាំងម្ចាស់ផ្ទះ ដែលមានប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ សូមអញ្ជើញមកចុះបញ្ជិកាជាមួយ ប.ស.ស. ដើម្បីធានាឱ្យបាននូវសុខុមាលភាពរបស់បុគ្គលិក ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗដែល ប.ស.ស. ផ្ដល់ជូនផងដែរ។
ឯកឧត្ដមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ថែមថា ដើម្បីបង្កឱ្យមានភាពកាន់តែងាយស្រួល បច្ចុប្បន្ននេះ ប.ស.ស. បានដាក់ចេញនូវប្រព័ន្ធចុះបញ្ជិកាតាមរយៈតាមប្រព័ន្ធអនឡាញ (Web Base Application) ដែលអនុញ្ញាតដល់គ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ ម្ចាស់អាជីវកម្មខ្នាតតូច ព្រមទាំងម្ចាស់ផ្ទះ អាចចុះបញ្ជិកាមក ប.ស.ស. បាន ដោយមិនចាំបាច់មកស្នាក់ការកណ្តាល ឬសាខា ប.ស.ស. ដោយផ្ទាល់នោះទេ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតអគ្គនាយករង ប.ស.ស. ក៏បានថ្លែងរំលឹកដល់សាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះជនឆបោកទាំងឡាយដែលអះអាងថាខ្លួនជាមន្រ្តី ប.ស.ស. ហើយរត់ការសម្រួលការចុះបញ្ជី ឬអូសទាញបងប្អូនឱ្យបង់ភាគទាន ឬបញ្ចុះបញ្ចូលបងប្អូនឱ្យបង់ប្រាក់ ទៅគណនីធនាគារផ្ទាល់ខ្លួនណាមួយ ដែលមិនមែនជាគណនីរបស់ ប.ស.ស. ក្នុងរូបភាពណាមួយ នេះមិនមែនជាគោលការណ៍របស់ ប.ស.ស. ឡើយ សូមបងប្អូនកុំចាញ់បោកឱ្យសោះ៕