Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពបើក “ទិវាអន្តរជាតិស្រ្តីជនបទ” នៅខេត្តសៀមរាប

    (សៀមរាប) ៖ ក្នុងឆ្នាំ២០២៤នេះ ពិធីបើកទិវាអន្តរជាតិស្រ្តីជនបទ រៀបចំឡើងដោយអង្គការអុកស្វាម (OXFAM) ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមមូលបទ៖ គាំពារសង្គមដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាន ដែលរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុបប្រមាណជា ៣៨០នាក់។
    ថ្លែងបើកពិធីនាឱកាសនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងថា កិច្ចសហការរវាង ប.ស.ស. និងអង្គការអុកស្វាម រៀបចំបង្កើតទិវាអន្តរជាតិស្រ្តីជនបទនេះឡើង ដើម្បីទទួលស្គាល់តួនាទីដ៏សំខាន់ និងការរួមចំណែករបស់ស្ត្រីនៅជនបទ ក្នុងការលើកកម្ពស់ វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ក្រោមរូបភាពកែលម្អសន្តិសុខស្បៀង លុបបំបាត់ភាពក្រីក្រនៅតាមជនបទ ពង្រឹងភាពអង់អាច និងភាពជាតំណាងរបស់ស្ត្រីនៅតាមជនបទនៅកម្ពុជា។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា ទិវាអន្ដរជាតិនេះ ក៏ជាការបង្កើតវេទិកាកិច្ចសន្ទនាគោលនយោបាយ និងសង្គមរវាងស្ត្រីនៅជនបទ និងអ្នកតាក់តែងគោលនយោបាយ តំណាងក្រសួង-ស្ថាប័នមានសមត្ថកិច្ច ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយក្រសួង រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ឆ្ពោះទៅការងារសមរម្យ បរិវត្តកម្មយេនឌ័រ និងកិច្ចគាំពារសង្គមដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្មករ និងកសិករស្ត្រី នៅតាមជនបទផងដែរ។
    តាមរយៈទិវាអន្តរជាតិស្រ្តីជនបទ ឯកឧត្តមបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា កិច្ចសន្ទនាគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងក្លាយជាពុទ្ធិ ធាតុចូល និងវិធីសាស្ត្រសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ដែលជាការរួមចំណែកលើកកម្ពស់ និងការពង្រីករបបសន្តិសុខសង្គមកម្ពុជា ទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
    ក្នុងឱកាសនេះដែរ ឯកឧត្តម លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គការអុកស្វាម (OXFAM) ព្រមទាំងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំទិវាអន្តរជាតិស្រ្តីជនបទនេះឡើង ពិសេសអំពាវនាវ និងលើកទឹកចិត្តដល់សហគ្រាសក្នុងវិស័យទេសចរណ៍ ចុះបញ្ជីកម្មករនិយោជិតរបស់ខ្លួនមក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.