(កំពត)៖ រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពតមិនមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើរថយន្តដឹកកម្មករនិយោជិតនោះទេ ក្នុងន័យនេះអ្នកបើករថយន្តដឹកកម្មករនិយោជិតដែលមាននៅក្នុងខេត្តនេះបានយល់ដឹងកាន់តែច្បាស់ និងគោរពច្បាប់ចរាចរណ៍ ក៏ដូចជាសុវត្ថិភាពក្នុងពេលធ្វើដំណើរបានល្អប្រសើរ។
នេះជាការថ្លែងឡើងរបស់ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាសហធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពី “ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ស្ថិតនៅរោងចក្រ POU CHEN (CAMBODiA) CO., LTD. ក្នុងខេត្តកំពត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានថ្លែងជំរុញលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន ឬផ្នែកពាក់ព័ន្ធត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែទំលំទូលាយបន្ថែមទៀត និងបញ្ជ្រាបនូវហានិភ័យដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យគ្រប់គ្នាបានដឹងជាប្រចាំ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍ណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម សេង សិរីបុត្រ អភិបាលរង តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក៏បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស. ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ពិសេសបងប្អូនកម្មករនិយោជិត តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យបងប្អូនកម្មករនិយោជិតទាំងអស់បានយល់ដឹងកាន់តែច្បាស់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
គួរបញ្ជាក់ថា សម្រាប់ក្នុងឆ្នាំ២០២៤ ក្រុមការងារ ស.ផ.ក បានរៀបចំពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” នៅតាមបណ្តាខេត្តមួយចំនួនរួមមាន ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ និងខេត្តកំពត ដែលជាខេត្តទី៩ ដែលមានអ្នកចូលរួមសរុបប្រមាណចំនួន ៤ ៣០០នាក់។ ដោយឡែកនៅតាមបណ្ដាខេត្តផ្សេងៗទៀត នឹងបន្តចុះផ្សព្វផ្សាយជាបន្តបន្ទាប់