Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. ដេីរតួនាទីសំខាន់ ក្នុងការរួមចំណែកអនុវត្តសកម្មភាពឆ្ពោះទៅការកសាងប្រព័ន្ធគាំពារសង្គម នៅកម្ពុជា

    (ព្រះសីហនុ) ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំ រវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា” នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានថ្លែងថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដេីរតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកអនុវត្តន៍សកម្មភាពឆ្ពោះទៅការកសាងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលអនុលោមតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨, ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានថ្លែងបន្តទៀតថា ដើម្បីរួមចំណែកអនុវត្តន៍សកម្មភាពការកសាងប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរឹងមាំ ក្នុងនាមជាអង្គភាពប្រតិបត្តិករ កន្លងមករហូតមកទល់បច្ចុប្បន្ន ប.ស.ស. តែងតែពង្រឹងការអនុវត្តកិច្ចការងាររបស់ខ្លួន ពិសេសគឺផ្តោតជាសំខាន់ទៅលើការផ្តល់សេវាជូនសមាជិក ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា ហើយថ្មីៗនេះ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបររកស៊ី និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម បាននិងកំពុងរៀបចំស្ដង់ចល័ត ដើម្បីចុះបញ្ជីសមាជិក ប.ស.ស. ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តសៀមរាប កំពង់ចាម បាត់ដំបង និងខេត្តតាកែវ ។ ជាមួយគ្នានេះ ប.ស.ស. ក៏បានបង្កេីតនៅកម្មវិធីទូរស័ព្ទដៃ ប.ស.ស. (NSSF Member App) ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋជាសមាជិក ប.ស.ស. ធ្វេីការស្នើសុំចុះបញ្ជីអ្នកក្នុងបន្ទុករបស់ខ្លួនបាន តាមរយៈប្រព័ន្ធអនឡាញផងដែរ។
    សូមបញ្ជាក់ថា៖ វេទិកាប្រចាំឆ្នាំរវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា” នាព្រឹកនេះ ត្រូវបានរៀបចំដោយអង្គការ OXFAM ប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសណ្ឋាគារឯករាជ្យខេត្តព្រះសីហនុ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមទាំងតំណាងអង្គការជាតិ-អន្តរជាតិ សរុបប្រមាណ ២៥០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.