សាធារណរដ្ឋកូរ៉េ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជៀក លីម៉េង ប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. បានដឹកនាំគណៈប្រតិភូ ប.ស.ស. កម្ពុជា ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ ដែលវគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយ នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញ ប.ស.ស. ឈ្វេងយល់កាន់តែស៊ីជម្រៅ អំពីគោលនយោបាយផ្នែកស្តារនីតិសម្បទានៃធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិតរបស់សាធារណរដ្ឋកូរ៉េ និងធ្វើទស្សនកិច្ចសិក្សានៅតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលស្តារនីតិសម្បទានៅសាធារណរដ្ឋកូរ៉េ។
គួររម្លឹកថា៖ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងស្តីពី “ផែនការមេសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យមនូវប្រព័ន្ធស្តារនីតិសម្បទាសម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា” ដែលមានរយៈពេលអនុវត្តគម្រោង៣ឆ្នាំ (២០២២-២០២៤) ហើយក្នុងអំឡុងពេលនៃការអនុវត្តគម្រោងនេះ មន្ត្រី និងបុគ្គលិកជំនាញ នៃ ប.ស.ស. កម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលនៅសាធារណរដ្ឋកូរ៉េចំនួន ២លើករួចមកហើយ ហើយសម្រាប់វគ្គបណ្តុះបណ្តាលនាពេលនេះគឺជាលើកទី៣ និងជាឆ្នាំចុងក្រោយនៃការអនុវត្តគម្រោងនេះផងដែរ។
សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ COURTYARD BY MARRIOTT ដែលមានរយៈ៧ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពីតំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា សរុបចំនួន ១២រូប៕