(វៀតណាម)៖ គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដឹកនាំដោយ លោក គាត ពុធណារិទ្ធ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្ដិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍អន្តរជាតិលើការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខសង្គមទ្វេភាគី ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គភាពសន្តិសុខសង្គមវៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សិក្ខាសាលាខាងលើ រៀបចំឡើងដោយ អង្គភាពសន្តិសុខសង្គមវៀតណាម ដែលមានសមាសភាពចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ ដែលមកពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA), សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA), អង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ (NPS), អង្គការអន្តរជាតិខាងការងារ (ILO) សរុបប្រមាណជាង ២០០នាក់។
សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ រួមមាន៖ ១.ឈ្វេងយល់អំពីនីតិវិធីក្នុងការចរចា និងចុះកិច្ចព្រមព្រៀង, ២. ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិសុខសង្គមទ្វេភាគី, ៣. ចែករំលែកអំពីឧត្តម្មានុវត្ត និងករណីសិក្សារបស់ប្រទេសដែលកំពុងអនុវត្តកិច្ចព្រមព្រៀងសន្តិសុខសង្គមទ្វេភាគី និង៤.ឈ្វេងយល់អំពីការបង្កើតផែនទីបង្ហាញផ្លូវ និងលិខិតបទដ្ឋានគតិយុត្តក្នុងក្របខណ្ឌថ្នាក់ជាតិ និងអន្តរជាតិលើការអនុវត្តនៃកិច្ចព្រមព្រៀងសន្តិសុខសង្គមទ្វេភាគី។
សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនអន្តរជាតិផងដែរ៕