Mail |
  • ភាសាខ្មែរ
  • English
  • ត្រឹមរយៈពេល ១ខែប៉ុណ្ណោះ មានពលរដ្ឋជិត ១ម៉ឺននាក់បានមកទទួលសេវានៅសាខា ប.ស.ស. ខណ្ឌដង្កោ

    (ភ្នំពេញ)៖ រយៈពេលត្រឹមជាង ២០ថ្ងៃ ក្នុងខែសីហា ឆ្នាំ២០២៤ នេះ មានពលរដ្ឋប្រមាណជា ៨ ៦៦៣នាក់បានមកទទួលសេវានៅសាខា ប.ស.ស. ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលក្នុងនោះពលរដ្ឋដែលបានមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. មានចំនួន ៦ ៦៨៦ នាក់ និងក្រៅពីនេះ គឺមកដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងស្នើសុំតាវកាលិកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីសំណាក់លោកស្រី សយ សុភា ប្រធានសាខា ប.ស.ស. ខណ្ឌដង្កោរាជធានីភ្នំពេញ។
    លោកស្រីប្រធានសាខាបានបញ្ជាក់ឱ្យដឹងទៀតថា បើគិតក្នុងរយៈពេល ៦ខែចុងក្រោយឆ្នាំ២០២៤ សាខា ប.ស.ស. ខណ្ឌដង្កោ បានទទួលផ្តល់សេវាជូនប្រជាពលរដ្ឋសរុបប្រមាណជា ៤៤ ៧៦៣នាក់ ដែលក្នុងនោះ ពលរដ្ឋដែលបានមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. មានប្រមាណជា ២៧ ១៧៧ នាក់។ បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែចុងក្រោយដូចគ្នាក្នុងឆ្នាំ២០២៣ ឃើញថាសន្ទុះនៃការមកទទួលសេវា ប.ស.ស. របស់ប្រជាពលរដ្ឋមានការកើនឡើងជាង ២១០ភាគរយ។
    ទាក់ទងទៅនឹងការកើនឡើងនូវការមកទទួលសេវានេះផងដែរ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ការដាក់ចេញនូវគោលនយោបាយគាំពារសង្គម លើការថែទាំសុខភាពជូនប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីគុណភាពនិងប្រសិទ្ធភាពជាផ្លែផ្កា ហើយបច្ចុប្បន្នមានការសាទរ ការចាប់អារម្មណ៍ និងតម្រូវការយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាហេតុធ្វើឱ្យមានសន្ទុះ កើនឡើងខ្ពស់ក្នុងការមកទទួលសេវារបស់ប្រជាពលរដ្ឋនៅគ្រប់សាខា ប.ស.ស. ទូទាំងប្រទេស ដែលរួមមានទាំងការមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងការដាក់ឯកសារស្នើសុំតាវកាលិក រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល។
    ជាក់ស្តែង អ្នកស្រី ប៊ុន មួយជីង ជាកម្មការិនីរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងពេលនាំកូនៗមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. សម្រាប់កូនៗក្នុងបន្ទុករបស់ខ្លួន នៅសាខា ប.ស.ស. ខណ្ឌដង្កោ អ្នកស្រីបានបង្ហាញអារម្មណ៍ពិតថា ប័ណ្ណ ប.ស.ស. ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រួសាររបស់គាត់ ហើយរូបអ្នកស្រីផ្ទាល់ រួមទាំងប្តីរបស់អ្នកស្រីក៏ធ្លាប់បានប្រើប្រាស់ប័ណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺជាច្រើនដង ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមិនត្រូវបានចំណាយប្រាក់សូម្បី ១រៀលទៅលើថ្លៃព្យាបាលជំងឺនោះឡើយ។ អ្នកស្រីបន្តថា អ្វីដែលកាន់តែធ្វើឱ្យអ្នកស្រីមានទំនុកចិត្ត និងកក់ក្តៅនោះ គឺនៅពេលទទួលបានការស្វាគមន៍ និងការបម្រើសេវារបស់មន្រ្តី ប.ស.ស. ជូនពលរដ្ឋប្រកបដោយស្នាមញញឹម ជាមួយនឹងក្រមសីលធម៌ខ្ពស់។
    កម្មការិនីម្នាក់ទៀត អ្នកស្រី ស៊ា ស្រីល័ក្ខ បម្រើការងារក្នុងរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញដូចគ្នា និងកំពុងមានផ្ទៃពោះផងទៀតនោះ ក្នុងអំឡុងពេលអ្នកស្រីមកដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភនៅសាខា ប.ស.ស. ខណ្ឌដង្កោ អ្នកស្រីបានបង្ហាញអារម្មណ៍កក់ក្ដៅចំពោះការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ព្រោះនៅពេលដែលអ្នកស្រីទៅពិនិត្យផ្ទៃពោះ គឺមិនត្រូវបានអស់ប្រាក់ផ្ទាល់ខ្លួន ហើយនៅអាចទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលពីរាជរដ្ឋាភិបាលទៀតផងនៅពេលដែលទៅពិនិត្យផ្ទៃពោះម្តងៗ។
    អ្នកស្រី បានអះអាងបន្ថែមថា នៅពេលអ្នកស្រីសម្រាលមាតុភាពនាពេលឆាប់ៗខាងមុខនេះ អ្នកស្រីនឹងប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ដើម្បីសម្រាលនៅមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. ព្រោះ ប.ស.ស. ជាអ្នកចំណាយជូនទាំងស្រុង ហើយនឹងទទួលបានប្រាក់ឧបត្ថម្ភ៨០ម៉ឺនរៀលពីរាជរដ្ឋាភិបាល រួមទាំងប្រាក់បំណាច់មាតុភាពរយៈពេល ៩០ថ្ងៃ ពី ប.ស.ស. ផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.