(ភ្នំពេញ)៖ បេឡាជាតិសន្ដិសុខសង្គម នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការអនុវត្តការងារផ្ទៃក្នុង» ជូនសិក្ខាកាម ដែលជាបុគ្គលិកចូលបម្រើការងារថ្មីតាមរយៈប្រព័ន្ធអនឡាញ និងដោយផ្ទាល់សរុប ៩៤រូប ក្រោមអធិបតីភាពឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ថ្លែងបញ្ជាក់ថា សិក្ខាកាមដែលជាបុគ្គលិកដែលចូលបម្រើការងារថ្មីនាពេលនេះ ចាំបាច់ត្រូវឈ្វេងយល់អំពីនីតិវិធីនៃការអនុវត្តការងារផ្ទៃក្នុង ហើយវគ្គបណ្ដុះបណ្ដាលនេះ ជាការបំពេញបន្ថែមនូវសមត្ថភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងការធានាឱ្យបាននូវការផ្ដល់សេវាសាធារណៈ របស់បេឡាជាតិសន្ដិសុខសង្គម ជូនសាធារណជន ជាពិសេសសមាជិក ប.ស.ស.។
ឆ្លៀតក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានផ្តាំផ្ញើដល់ប្អូនៗ ដែលទើបចូលបម្រើការងារនៅ ប.ស.ស. ទាំងអស់ សូមយកចិត្តទុកដាក់ ជាពិសេសត្រូវគោរពពេលវេលាសិក្សាឱ្យបានខ្ជាប់ខ្ជួន និងចូលរួមសួរជាសំណួរឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹងសម្រាប់ខ្លួនផ្ទាល់ ក៏ដូចជាសម្រាប់បម្រើដល់អង្គភាព ពីគ្រូឧទេ្ទស ដែលមានបទពិសោធន៍កន្លងមក ដើម្បីយកទៅអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលផ្ទៃក្នុងខាងលើនេះ ប្រព្រឹត្តទៅមានរយៈពេល ៥ថ្ងៃពេញ ដោយមានគ្រូឧទ្ទេសមកពីនាយកដ្ឋានជំនាញ នៃ ប.ស.ស. នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ៕