ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “ឯកសារទស្សនទាន ដើម្បីជាពុទ្ធិរៀបចំ វេទិកាប្រចាំឆ្នាំរវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត” របស់អង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា។
កិច្ចប្រជុំនេះ អង្គការអុកស្វាមបានធ្វើបទបង្ហាញលើឯកសារទស្សនទាន និងស្នើសុំអនុសាសន៍ពីថ្នាក់ដឹកនាំ ប.ស.ស. ដើម្បីជាធាតុចូល និងជាពុទ្ធិក្នុងការរៀបចំ វេទិកាប្រចាំឆ្នាំរវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត របស់អង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដល់អនុសាសន៍ ជាគន្លឹះសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនិងការរៀបចំវេទិកាប្រចាំឆ្នាំ នៅតាមសហគមន៍ ឬតំណាងកម្មករនិយោជិត ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន និងគួរបញ្ចូលកម្មវិធី TVET 1.5លាន ដែលជាកម្មវិធីផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:ប្រកបដោយគុណភាព លឿន បត់បែន ធានាបានចំណេះដឹងនិងសមត្ថភាពជំនាញ ហេីយអាចជួយឱ្យយុវជន ជាពិសេសយុវជនក្នុងគ្រួសារក្រីក្រ និងកម្មករនិយោជិត ទទួលបានសញ្ញាបត្រជំនាញមួយច្បាស់លាស់ ស្របតាមអនុសាសន៌ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។
គួររំលឹកថា ប.ស.ស. និងអង្គការអុកស្វាម OXFAM បានសហការរៀងចំវគ្គបណ្តុះបណ្តាល និងវេទិកាសាធារណៈប្រចាំឆ្នាំជាច្រើនដើម្បីពង្រីកចំណេះដឹង និងកិច្ចសន្ទនាសង្គម នាពេលកន្លងមក។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃ ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកជំនាញនៃ ប.ស.ស. ព្រមទាំងតំណាងអង្គការអុកស្វាម (OXFAM) សរុបប្រមាណ ១០រូប៕