Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម អេត បូរ៉ាត់ “ដើម្បីបង្កើនសុវត្ថិភាពក្នុងការទូទាត់ ប.ស.ស. បានអភិវឌ្ឍន៍ថ្មីទៅលើ ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាលរបស់ខ្លួន”

    ភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាលរបស់ ប.ស.ស. ដែលហៅកាត់ថា (HSPIS) ត្រូវបានអភិវឌ្ឍន៍ក្នុងថ្នាលបច្ចេកវិទ្យាថ្មី ដើម្បីឱ្យមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទូទាំងប្រទេសអាចប្រើប្រាស់កាន់តែងាយស្រួល រហ័ស និងកាន់តែមានសុវត្ថិភាព។ នេះជាការថ្លែងឡើងពីសំណាក់ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាល” នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។
    ឯកឧត្តមអគ្គនាយករង បានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាល ដែលហៅកាត់ថា ប្រព័ន្ធ (HSPIS) ដែលទើបធ្វើការអភិវឌ្ឍន៍ថ្មីនេះ គឺជាប្រព័ន្ធឌីជីថល ដែលអាចឱ្យក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាលសុខាភិបាលដៃគូទាំងអស់ អាចត្រួតពិនិត្យសុពលភាពរបស់សមាជិក ប.ស.ស. ពេលទៅទទួលសេវា ពិសេសអាចបញ្ចូលទិន្នន័យចាំបាច់មួយចំនួនទៀត ដែល ប.ស.ស. តម្រូវក្នុងការស្នើសុំទូទាត់សេវាព្យាបាលប្រចាំខែផងដែរ។
    ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង បានសំណូមពរ ដល់អ្នកចូលរួមទាំងអស់ត្រូវលើកឡើងពីបញ្ហាប្រឈមដែលកើតមានឡើងក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ចំពោះការផ្តល់សេវាជូនសមាជិក ប.ស.ស. ដើម្បីអាចពិភាក្សា និងរកដំណោះស្រាយរួមគ្នា ធ្វើយ៉ាងណាឱ្យការអនុវត្តកិច្ចព្រមព្រៀងរវាង ប.ស.ស. ជាមួយនឹងមូលដ្ឋានសុខាភិបាលដៃគូ ទាំងអស់ អាចដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសន្តិភាព នៃ ប.ស.ស. ដោយមានវត្តមានចូលរួម ពីតំណាងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សរុបប្រមាណជាង ៣០០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.