Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ” នាព្រឹកមិញនេះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ” នៅសាលប្រជុំនាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ នៃ ប.ស.ស. រាជធានីភ្នំពេញ។
    វគ្គបណ្តុះបណ្តាលខាងលើធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងអំពី៖
    (១).គណិតវិទ្យាផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកទេសហិរញ្ញវត្ថុ និងលក្ខណៈគំរូដែលអាចទ្រទ្រង់នឹងស្ថានភាពបរិបទ នៃស្ថានភាពរស់នៅរបស់ប្រជាជន (២).សូចនាករចំនួនប្រជាសាស្ត្រ សក្តានុពលចំនួនប្រជាជន និងនិទស្សចំនួនប្រជាជន និង (៣).ការអនុវត្តហិរញ្ញវត្ថុនៃមូលនិធិសោធននិវត្តន៍សន្តិសុខសង្គម និងគណនាអត្រាភាគទានរយៈពេលវែងក្រោមវិធីសាស្ត្រហិរញ្ញប្បទានផ្សេងៗ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងដោយក្តីជឿជាក់ថា៖តាមរយៈវគ្គបណ្ដុះបណ្ដាលដ៏សំខាន់មួយនេះ លោក លោកស្រី ទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមទៀត ដើម្បីយកទៅអនុវត្តលើកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
    ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្តាំផ្ញើទៅកាន់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងសួរឱ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានបង្ហាត់បង្ហាញនៅក្នុងសិក្ខាសាលាដ៏សំខាន់មួយនេះ។
    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសម្តែងនូវការអរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់មួយនេះឡើង។
    សូមបញ្ជក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានវត្តមានអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញ ប.ស.ស. និងតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម(GS-NSPC) ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ប្រមាណជាង ៣០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.