Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. ជំរុញសហគ្រាស គ្រឹះស្ថាន និងសមាគមទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំ

    (ភ្នំពេញ)៖ ក្នុងឱកាសបើកពិធីផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម» នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា៖ បណ្ដាសហគ្រាស គ្រឹះស្ថាន និងសមាគមទាំងអស់ សូមបង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយ ប.ស.ស. ដើម្បីអាចប្រឹក្សា ក៏ដូចជាអាចទទួលបានព័ត៌មានច្បាស់ អំពីគោលការណ៍ បទប្បញ្ញត្តិច្បាប់របបសន្ដិសុខសង្គម ព្រមទាំងអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម សម្រាប់កម្មករនិយោជិត។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបន្ថែមថា៖ កន្លងមកមានសហគ្រាស គ្រឹះស្ថានមួយចំនួនពុំទាន់យល់ច្បាស់គ្រប់ជ្រុងជ្រោយក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហគ្រាស គ្រឹះស្ថានមួយចំនួនព្យាយាមលាក់ប្រាក់ឈ្នួលកម្មករនិយោជិតដោយប្រកាសបង់ភាគទានមិនត្រឹមត្រូវ ដែលឈានដល់ការអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់ ហើយបច្ចុប្បន្នមានសហគ្រាសមួយចំនួន កំពុងតែជាប់បណ្ដឹងនៅតុលាការដោយសារមិនព្រមអនុវត្តកាតព្វកិច្ចរបស់ខ្លួននេះផងដែរ។
    បន្ទាប់ពីពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថាម្ចាស់សហគ្រាស គ្រឹះស្ថានដែលបានចូលរួមនឹងអនុវត្តកាតព្វកិច្ចដែលមានចែងជាធរមាន នឹងបន្ដផ្សព្វផ្សាយបន្ថែមទៀតគ្រប់រូបភាព ជាពិសេសសូមបង្កើនការទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធប្រសើរជាងមុនជាមួយនឹងក្រុមការងារ ប.ស.ស. ដើម្បីដោះស្រាយនូវរាល់បញ្ហានានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សហគ្រាសខ្លួន ក៏ដូចជាអត្ថប្រយោជន៍របស់កម្មករនិយោជិត។
    សូមបញ្ជាក់ថាៈ ពិធីផ្សព្វផ្សាយនាព្រឹកនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងសហគ្រាស គ្រឹះស្ថាន និងសមាគម សរុបប្រមាណជាង ២០០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.