(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទទាំងអស់ បានចូលរួមអបអរសាទរ “ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ រួមទាំងនៅតាមបណ្តា ប.ស.ស. សាខាខេត្ត-ខណ្ឌនៅទូទាំងប្រទេស ដែលមានអ្នកចូលរួមសរុបជាង ២ពាន់នាក់។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏មហស្ចារ្យជាប្រវត្តិសាស្ត្រ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ដោយតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញ ជាមួយក្រុងកែប និងឈូងសមុទ្រថៃ និងឆ្លងកាត់ខេត្តចំនួន៤ រួមមានកណ្ដាល តាកែវ ខេត្តកំពត និងខេត្តកែប។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ថែមថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចជាតិ និងក្លាយជាប្រព័ន្ធធារាសាស្រ្ដមួយដែលអាចជួយក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជិតៗព្រែកជីកនេះ ប្រកបរបរកសិកម្មបានយ៉ាងល្អប្រសើរទៀតផង។
ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានសំដែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទទាំងអស់ ដែលបានចូលរួមក្នុងឱកាសដ៏មហស្ចារ្យជាប្រវត្តិសាស្ត្រនេះ និងបានអំពាវនាវ ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយ និងអបអរសាទរចំពោះគម្រោងព្រែកជីកនេះទាំងអស់គ្នា៕