(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» ក្រោមប្រធានបទ “សារប្រយោជន៍ ប.ស.ស. សម្រាប់កូនមន្ត្រីរាជការក្នុងបន្ទុក” នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិទ្យុជាតិកម្ពុជា AM៩១៨KHz និងវិទ្យុវត្តភ្នំFM១០៥.៧០MHz។
នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» បានធ្វើការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖(១).ស្ថានភាព និងបច្ចុប្បន្នភាព នៃដំណើរការផ្តល់ប័ណ្ណសមាជិក ប.ស.ស. សម្រាប់កុមារ (២).សារប្រយោជន៍ ប.ស.ស. សម្រាប់កូនមន្ត្រីរាជការនៅក្នុងបន្ទុក (៣).បញ្ហាប្រឈមនានា/ ដំណោះស្រាយ/មតិចុងក្រោយ។
ក្នុងកម្មវិធីសន្ទនាមតិ ខាងលើនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានចំណាយពេលវេលា១ម៉ោងពេញ ដើម្បីឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង ប.ស.ស. ជូនសាធារណៈជន ទៅលើការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ជាពិសេសឯកឧត្តមបណ្ឌិត បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយចំពោះអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កូនមន្ត្រីរាជការនៅក្នុងបន្ទុក។
សូមបញ្ជាក់ថា៖ កម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមសាកសួរ និងពិភាក្សាដោយផ្ទាល់ជាមួយវាគ្មិនកិត្តិយសតាមរយៈប្រព័ន្ធទូរស័ព្ទផងដែរ៕