(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបិទបញ្ចប់គម្រោងស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” ដែលសហការរៀបចំដោយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអង្គការហ្គ្រេត (GRET)។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដូចជា៖ (១).បង្ហាញអំពីសមិទ្ធផលសម្រេចបាន ឧត្តម្មានុវត្ត និងបទពិសោធន៍ នៃការអនុវត្តគម្រោង (២).ការកំណត់អនុសាសន៍គន្លឹះ និង (៣).ការស្វែងរកវិធីសាស្ត្រក្នុងការពង្រឹងភាពជាដៃគូសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា គម្រោងខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែក អនុវត្តសកម្មភាពឆ្ពោះទៅការអភិវឌ្ឍ និងការកសាងប្រព័ន្ធគាំពារសង្គម អនុលោមតាមការចង្អុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨, ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា២០២៤-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គ្រេត (GRET) បានចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់អនុវត្តគម្រោងស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” (គម្រោង A4S) កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ រវាង ប.ស.ស. និងអង្គការហ្គ្រេត (GRET) សម្រាប់ពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់បុគ្គលស្វ័យនិយោជន៍ និងបុគ្គលដែលមិនទាន់បានគ្របដណ្តប់ក្នុងរបបសន្តិសុខសង្គម។
សូមបញ្ជាក់ថា៖ សិក្ខាសាលាបិទបញ្ចប់គម្រោងខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួល និងក្រុមការងារបច្ចេកទេសរបស់គម្រោង, តំណាងអង្គការហ្គ្រេត (GRET), អង្គការអន្តរជាតិខាងការងារ (ILO), អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៥០រូប៕