Mail |
  • ភាសាខ្មែរ
  • English
  • ពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ករណីគ្រោះថ្នាក់ចរាចរណ៍នឹងធ្លាក់ចុះមកនូវកម្រិតទាបបំផុត

    (ព្រះសីហនុ) ៖ ថ្លែងក្នុងឱកាសអញ្ជើញជាសហធិបតីបើកពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ស្ថិតនៅរោងចក្រ FINE FLOORING (CAMBODIA) CO., LTD ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានថ្លែងថា ការចុះផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនគឺជារឿងសំខាន់ណាស់ ដែលអាចឱ្យបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានយល់ដឹងកាន់តែច្បាស់ក្នុងការធ្វើដំណើរ និងការប្រើប្រាស់ដងផ្លូវ ការគោរពសិទ្ធិគ្នាក្នុងពេលធ្វើដំណើរ ដែលទាំងអស់នេះនឹងអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នឹងធ្លាក់ចុះមកនូវកម្រិតទាបបំផុត។
    ឯកឧត្ដមបណ្ឌិត អគ្គនាយករង បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានចំនួន ៥ខេត្តរួចមកហើយ ដែលរួមមានខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តតាកែវ ហើយសម្រាប់ការចុះផ្សព្វផ្សាយនៅទឹកដីខេត្តព្រះសីហនុនាពេលនេះ គឺជាខេត្តទី៦ ដែលមានអ្នកចូលរួមសរុបចំនួន ២ ៩៣៥ នាក់។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តថា ប.ស.ស. នឹងបន្តកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងរោងចក្រ សហគ្រាស ដើម្បីធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងធ្វើបច្ចុប្បន្នភាពកម្មករនិយោជិតនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងចំនួនម៉ូតូ កង់ មួកសុវត្ថិភាព ក្នុងគោលបំណងផ្សព្វផ្សាយឱ្យចំគោលដៅ និងបន្តធ្វើការផ្សព្វផ្សាយនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។
    ឯកឧត្តមឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្នុងឱកាសជាមួយគ្នានេះ ក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីមានគ្រោះថ្នាក់ជាយថាហេតុ និងអាចបង្ការបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
    ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះបងប្អូនកម្មករនិយោជិតរាប់សិបនាក់បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។
    ជាមួយគ្នានេះ លោកស្រី ម៉ាក សំណាង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាសហធិបតីក្នុងពិធីខាងលើ លោកស្រីក៏បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស. ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ជាពិសេសបងប្អូនកម្មករនិយោជិត តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យបងប្អូនកម្មករនិយោជិតទាំងអស់បានយល់ដឹងកាន់តែច្បាស់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
    លោកស្រីអភិបាលរង សំណូមពរដល់ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ក្នុ្ងងទឹកដីខេត្តព្រះសីហនុ ត្រូវជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់បងប្អូនកម្មករនិយោជិតទាំងអស់ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសរបស់ខ្លួនឱ្យចូលរួមនូវពិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូកគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ដែលក្រសួង ស្ថាប័ននានា ពិសេសដូចពិធីផ្សព្វផ្សាយដែល ប.ស.ស. បានសហការរៀបចំឡើងនាពេលនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.