(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡង តំណាងឯកឧត្តម ម៉េង ហុង ប្រធានគណៈកម្មការរៀបចំការប្រឡង បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់ឆ្នាំ២០២៤ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង សរុបប្រមាណ ៣០រូប នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្តមអនុប្រធានគណៈកម្មការ បានបញ្ជាក់ឱ្យដឹងថា គណៈកម្មការរៀបចំការប្រឡង ត្រូវមានទំនួលខុសត្រូវខ្ពស់ ពិសេសត្រូវពង្រឹងការត្រួតពិនិត្យ ក៏ដូចជាពិនិត្យលើកិច្ចការប្រឡងឱ្យបានហ្មត់ចត់ ដើម្បីចម្រាញ់យកបេក្ខជនប្រកបដោយសមត្ថភាពពិតប្រាកដ នឹងត្រូវធ្វើយ៉ាងណាឱ្យការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ព្រោះបេក្ខជនដែលប្រឡងជាប់ នឹងក្លាយទៅជាកម្លាំងជួយជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសធ្វើយ៉ាងឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល “អ្នកចេះ គឺជាប់”។
គួររំលឹកឱ្យដឹងថា៖ ការប្រឡងប្រជែងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គម សម្រាប់ស្នាក់ការកណ្ដាល និងសាខាខេត្ត-ខណ្ឌ នាពេលនេះ មានមុខជំនាញចំនួន ៣ផ្នែករួមមាន៖ ផ្នែកលេខាធិការ, ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក ផ្នែកសន្ដិសុខ និងអនាម័យ។
សម្រាប់ការប្រឡងផ្នែកលេខាធិការ ត្រូវបានចែកចេញជា ៤វិញ្ញាសា គឺវិញ្ញាសាវាយពាក្យដោយប្រើយូនីកូដ ចំណេះដឹងទូទៅ ចំណេះដឹងពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម និងភាសាអង់គ្លេសទូទៅ ដែលមានរយៈពេលប្រឡង ៤៥នាទី៕