ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីជាមួយ លោកជំទាវ កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងកម្មវិធីផ្សព្វផ្សាយ “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណជា ៣០០នាក់ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយខាងលើ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយសម្រួលដល់មន្ត្រីសាធារណៈ ព្រមទាំងប្តី ឬប្រពន្ធ និងកូននៅក្នុងបន្ទុក ដែលជាផ្នែកមួយជួយគ្រប់គ្រងការចំណាយទៅលើការទទួលសេវាផ្នែកថែទាំសុខភាព ពេលមានបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាស្ថិរភាពប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
ឯកឧត្តមអគ្គនាយករង បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីរាជការ ដែលមានអ្នកក្នុងបន្ទុករួមមាន ប្តី ឬប្រពន្ធ និងកូន ដែលបានចុះឈ្មោះចូលជាសមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរួមមាន សេវាពិនិត្យ ពិគ្រោះយោបល់ និងការព្យាបាល ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។
ក្នុងឱកាសជាមួយគ្នានោះដែរ លោកជំទាវ កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ត្រូវចូលរួម និងផ្សព្វផ្សាយបន្ត ដល់សមាជិកគ្រួសារ ដែលស្ថិតក្នុងបន្ទុករបស់ខ្លួនទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមតាមរយៈ ប.ស.ស.៕