Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី លើប្រធានបទ «សន្ទុះនៃការចុះឈ្មោះជាសមាជិកភាពនៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)»

    (ភ្នំពេញ)៖ ដោយទទួលបានចាត់តាំងពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មានកម្ពុជាថ្មី ក្រោមប្រធានបទ «សន្ទុះនៃការចុះឈ្មោះជាសមាជិកភាពនៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)»។
    ក្នុងការផ្តល់សម្ភាសន៍នេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ញើសារអំពាវនាវដល់សមាជិក ប.ស.ស. សូមចាត់ទុកប័ណ្ណសមាជិក ប.ស.ស. ជាប័ណ្ណដ៏មានសារៈសំខាន់ ដែលអាចជាធនាគារមួយនៅក្នុងគ្រួសារលើការចំណាយថ្លៃពេទ្យ ដែលលែងបារម្ភពីការលក់ទ្រព្យសម្បត្តិ ឬខ្ចីបុលអ្នកដទៃ ឬស្ថាប័នហិរញ្ញវត្ថុ ដែលមានហានិភ័យខ្ពស់ សម្រាប់ការព្យាបាលជំងឺ។
    ក្នុងកិច្ចសម្ភាសនាថ្ងៃនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបញ្ជាក់បន្ថែមថា សន្ទុះនៃការចុះឈ្មោះជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៅទូទាំងប្រទេសមានចំនួនប្រមាណជា ២ ៥០០នាក់ក្នុងមួយថ្ងៃ ហើយគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកចំនួន ២,២លាននាក់ ក្នុងចំណោមនោះសមាជិក ប.ស.ស. ជាបុគ្គលស្ថិតក្រោមវិស័យសាធារណៈជាង ៤៣ម៉ឺននាក់ បុគ្គលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង ១,៥លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ២២ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ៦,៦ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។
    បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. គិតចាប់ពីការដាក់ដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក្នុងឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ មានសមាជិកចូលប្រើប្រាស់ ជាង ១៧,៥លានករណី ហើយបើគ្រាន់តែគិតក្នុងឆ្នាំ២០២៣កន្លងទៅនេះ មានសមាជិក ប.ស.ស. ចូលប្រើប្រាស់ ជាង ៥លានករណី ដែល ប.ស.ស. ត្រូវរ៉ាប់រងលើចំណាយមន្ទីរពេទ្យ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.