ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតី ក្នុងកម្មវិធីបើកពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តព្រះវិហារ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។
មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក ដែលជាផ្នែកមួយជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
ឯកឧត្តមអគ្គនាយករង បានបន្តទៀតថា មន្ត្រីរាជការ ដែលមានអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និង កូនក្នុងបន្ទុក អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។
ក្នុងឱកាសនោះដែរ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានសំណូមពរដល់ថ្នាក់ដឹកនាំ
និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារៈកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈជូនជាតិ និងប្រជាជន និងសូមកោតសរសើរចំពោះការចូលរួមអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងបន្ដចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនេះ៕