Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ចូលរួមឈ្វេងយល់អំពីរបបសន្តិសុខសង្គម

    (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសហការជាមួយក្រសួងមុខងារសាធារណៈ រៀបចំពិធីផ្សព្វផ្សាយស្តីពី “របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ” ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់ទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដែលរួមមាន សហព័ទ្ធ (ប្តី ឬប្រពន្ធ) និងកូនក្នុងបន្ទុករបស់មន្ត្រីសាធារណៈ សំដៅធានាដល់ការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកប្រកបដោយប្រសិទ្ធភាពខ្ពស់។
    ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយនៅតាមបណ្តាក្រសួងនានា គឺក្នុងគោលបំណងដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់បានយល់ច្បាស់ កាន់តែស៊ីជម្រៅនូវសិទ្ធិរបស់ខ្លួន ក្នុងការទទួលបានការគាំពារសង្គម ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។
    ថ្លែងក្នុងពិធីនាឱកាសនោះ ឯកឧត្តម ទិន សុខឃួន អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការក្រោមឱវាទក្រសួងទាំងអស់ត្រូវចូលរួមគាំទ្រអនុវត្តកម្មវិធីនេះ ក៏ដូចជាកម្មវិធីនានា នៃរបបសន្ដិសុខសង្គម ដើម្បីធានាលើកកម្ពស់សុខុមាលភាព អត្ថប្រយោជន៍នានា និងដើម្បីជំរុញការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។
    សូមបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញអម ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ទិន សុខឃួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.