Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង អញ្ជើញបើកសិក្ខាសាលា ស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ របស់អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL)

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីជាមួយលោក Kim Yong-Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ បើកសិក្ខាសាលាស្ដីពី វឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ និងការលើកកម្ពស់ការយល់ដឹងអំពីការត្រលប់ចូលបម្រើការងារឡើងវិញរបស់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ នៅស្នាក់ការកណ្ដាល ប.ស.ស. ដោយមានសមាសភាពចូលរួមប្រមាណ ១០០នាក់។
    វគ្គសិក្ខាសាលានេះ ជាផែនការក្នុងដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) មកកាន់ ប.ស.ស. កម្ពុជា ក្នុងគោលបំណងចំនួន ៣សំខាន់ៗ រួមមាន៖ (១) បទបង្ហាញអំពីការវាយតម្លៃលើការអនុវត្តគម្រោងសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ និងការណែនាំអំពីផែនការអនុវត្តន៍គម្រោងសម្រាប់ឆ្នាំទី៣ (២) ចែករំលែកការអនុវត្តផ្នែកស្តារនីតិសម្បទារបស់ ប.ស.ស. សម្រាប់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការស្តីពី ផែនការមេសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យមនូវប្រព័ន្ធស្តារនីតិសម្បទាសម្រាប់កម្មករនិយោជិត ដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា និង (៣) កសាងទិសដៅសម្រាប់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការថ្មីនៅកម្ពុជា។
    តាមរយៈសិក្ខាសាលានាឱកាសនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី បានសម្ដែងនូវអំណរគុណ និងកោតសរសើរចំពោះ លោក Kim Yong-Wan និងប្រតិភូ នៃអង្គភាព COMWEL ដែលមានការប្ដេជ្ញាខ្ពស់ និងខិតខំប្រឹងប្រែងគាំទ្រគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានា ជាពិសេសនាយកដ្ឋានស្តារនីតិសម្បទា និងនាយកដ្ឋានពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាព COMWEL ដើម្បីអនុវត្តការងារដែលជាទិសដៅសម្រាប់វិស័យសន្ដិសុខសង្គមកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
    ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី សង្ឃឹមយ៉ាងមុតមាំថាសិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងសិក្ខាសាលានាឱកាសនេះ ដើម្បីទទួលបានចំណេះដឹងពាក់ព័ន្ធនឹងគោលនយោបាយក្នុងការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម នៃប្រព័ន្ធស្តារនីតិសម្បទាសម្រាប់កម្មករនិយោជិត ដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា។
    ក្នុងឱកាសជាមួយគ្នានេះ ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ លោក Kim-Yong wan បានបញ្ជាក់ថា៖ អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារនៃប្រទេសកូរ៉េ (COMWEL) នៃសាធារណរដ្ឋកូរ៉ នៅតែបន្តកិច្ចសហការក្នុងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទាជាមួយ ប.ស.ស. កម្ពុជា ក្នុងន័យរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.