(ភ្នំពេញ) ៖ ក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងាររបស់និយ័តករសន្តិសុខសង្គមលើអនុលោមភាពនៃការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គម។
កិច្ចប្រជុំខាងលើ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤ ដែលរួមមាន (១) នីតិវិធី និងយន្តការនៃការវាយតម្លៃការចុះកិច្ចព្រមព្រៀងរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន (២) វឌ្ឍនភាពក្នុងការជ្រើសរើសក្រុមហ៊ុនសវនកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម (៣) វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តការងារលើអនុក្រឹត្យស្ដីពី គោលការណ៍ណែនាំសម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម និង (៤) ការកំណត់ប្រភេទ និងទម្រង់របាយការណ៍របស់ប្រតិបត្តិករសន្តិសុខសង្គម និងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានអញ្ជើញចូលរួមពីក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) សរុបប្រមាណជា ២០រូប៕