(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្ដីពី “គោលការណ៍ណែនាំ និងនីតិជម្រុញសហគ្រាស គ្រឹះស្ថាន ឱ្យចូលប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមប្រព័ន្ធអនឡាញ របស់ ប.ស.ស.” នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖ ការជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ចូលទៅប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមប្រព័ន្ធអនឡាញ របស់ ប.ស.ស. គឺជារឿងដ៏សំខាន់ និងចាំបាច់ ដែលអាចឱ្យពួកគាត់ទាំងអស់ទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស និងមានប្រសិទ្ធិភាព។
ឯកឧត្តមអគ្គនាយករង ប.ស.ស. បានថ្លែងបន្តទៀតថា៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា ប.ស.ស. បានបង្កើតឱ្យមានប្រព័ន្ធ LACMS និងប្រព័ន្ធ ប.ស.ស. នេះឡើង គឺដើម្បីអាចគ្រប់គ្រងនូវស្ថិតិរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់នៅកម្ពុជា ក៏ដូចជាបន្ថែមភាពងាយស្រួលទៅដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងការស្នើសុំចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមប្រព័ន្ធអនឡាញ ក្នុងន័យរក្សាបាននូវសុក្រឹតភាព តម្លាភាព រហ័ស និងភាពត្រឹមត្រូវចំពោះការអនុវត្តនូវបទបញ្ញត្តិច្បាប់នានាពាក់ព័ន្ធទៅនឹងវិស័យការងារ ក៏ដូចជាវិស័យសន្តិសុខសង្គម ដែលរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងត្រូវគោរព និងអនុវត្ត។
សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលពេញមួយព្រឹកនេះ ត្រូវបានរៀបចំដោយនាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម នៃ ប.ស.ស. ដែលប្រព្រឹត្តនៅសាលប្រជុំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. សរុបប្រមាណជាង ១០០រូប៕