Mail |
  • ភាសាខ្មែរ
  • English
  • ខេត្តកែប គឺជាខេត្តទី៤ ហើយដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តពង្រីកការបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ

    (កែប)៖នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីភាព ក្នុងកម្មវិធីបើកពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ដល់មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកែប ដោយមានអ្នកចូលរួមប្រមាណជាង២០០នាក់។
    មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លួវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក ជាផ្នែកមួយជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានគូសបញ្ជាក់បន្ថែមថា នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ចុះឈ្មោះក្លាយជាសមាជិក ប.ស.ស. នោះពួកគាត់ នឹងទទួលបានអត្ថប្រយោជន៍ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. រួមទាំងប្រាក់បំណាច់មាតុភាព និងប្រាក់វិភាជន៍បូជាសព នៅពេលទទួលរងគ្រោះថ្នាក់ជាយថាហេតុណាមួយធ្វើឱ្យបាត់បង់ជីវិត។
    ក្នុងពិធីនោះផងដែរ៖ ឯកឧត្តម ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានស្នើដល់មន្រ្តីរាជការ ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាប្រព័ន្ធសន្ដិសុខសង្គមនៅកម្ពុជាឱ្យមានភាពរឹងមាំ ដោយចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតដ្ឋានគតិយុត្តទាំងអស់ពាក់ព័ន្ឋនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន សំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុក ឱ្យមានប្រសិទ្ធភាព៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.