Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តតាកែវប្រមាណជាង ៣០០នាក់ ទទួលបានការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុករបស់ខ្លួន

    ខេត្តតាកែវ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំមន្រ្តីជំនាញអម ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមជាសហធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តតាកែវ ប្រមាណជាង ៣០០នាក់។
    មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាល ដែលយើងទាំងអស់គ្នាត្រូវចូលរួមឈ្វេងយល់ឱ្យបានច្បាស់លាស់ដើម្បីទាញយកអត្ថប្រយោជន៍នានាពីរបបសន្ដិសុខសង្គមសម្រាប់សមាជិកអ្នកនៅក្នុងបន្ទុករបស់ខ្លួន។
    តាមរយៈពិធីផ្សព្វផ្សាយនាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញ ប.ស.ស. ទាក់ទងទៅនឹងអត្ថប្រយោជន៍ស្តីពីរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់អត្ថប្រយោជន៍ដល់សមាជិក ប.ស.ស. ហើយក្នុងករណីមានចម្ងល់ ត្រូវហ៊ានសួរមកកាន់មន្ត្រីជំនាញ ប.ស.ស. ដែលបានធ្វើបទបង្ហាញ ដើម្បីធ្វើការបកស្រាយឱ្យបានកាន់តែច្បាស់បន្ថែម ជាងនេះទៅទៀតត្រូវជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុក ត្រូវទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមទាំងអស់គ្នា។
    ក្នុងឱកាសជាមួយគ្នានេះ លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ មានប្រសាសន៍ថា ប្រព័ន្ធសន្តិសុខសង្គម គឺពិតជាមានសារៈសំខាន់ណាស់ ដែលជាប្រព័ន្ធមួយបង្កើតឡើង ដើម្បីជួយដល់ប្រជាជនក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូល ដែលបណ្តាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលទាមទារឱ្យប្រជាជនគ្រប់រូបចូលរួមតាមរយៈការបង់ភាគទានដោយស្ម័គ្រចិត្តទៅតាមអត្រាជាក់លាក់ ដើម្បីការពារហានិភ័យទាំងអស់នេះ ក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
    លោកអភិបាលរង បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការក្រោមឱវាទទាំងអស់ ត្រូវចូលរួមគាំទ្រអនុវត្តកម្មវិធីនេះ ក៏ដូចជាកម្មវិធីនានា នៃរបបសន្ដិសុខសង្គម ដើម្បីធានាលើកកម្ពស់សុខុមាលភាព ដើម្បីជំរុញការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមកម្ពុជាកាន់តែរីកចម្រើន និងត្រូវផ្សព្វផ្សាយបន្ដណែនាំដល់អ្នកដែលមានសមាជិកក្នុងបន្ទុកគ្រួសារ ឱ្យចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលអត្ថប្រយោជន៍របបសន្ដិសុខសង្គមដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.