Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) បើកកិច្ចប្រជុំប្រមូលធាតុចូលលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម

    (ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានបើកកិច្ចប្រជុំប្រមូលធាតុចូលលេីសេចក្តីព្រាង របាយការណ៍វាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម ដើម្បីធ្វើការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ នៃ ប.ស.ស. ។
    ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចប្រជុំពេញមួយព្រឹកនេះ គឺពិតជាសំខាន់ណាស់ ក្នុងការពិភាក្សា ប្រមូលធាតុចូល លើសេចក្តីព្រាងរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម ក្នុងន័យឈានទៅរកសុក្រឹត្យភាព និងភាពត្រឹមត្រូវ ឆ្លើយតបទៅនឹងតម្រូវការចំណាយរបស់ ប.ស.ស. ក្នុងប្រព័ន្ធសន្តិសុខសង្គម។
    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ទស្សនកិច្ចសិក្សា និងវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សេងៗ ដើម្បីជួយអភិវឌ្ឍន៍ស្ថាប័ន និងបង្កើនសមត្ថភាពដល់មន្ត្រី និងបុគ្គលិកជំនាញ នៃ ប.ស.ស. ផងដែរ ហើយសង្ឃឹមថានឹងអាចបន្តកិច្ចសហការ និងធ្វើការរួមគ្នាទៅមុខបន្តលើវិស័យសន្តិសុខសង្គម ដែលកំពុងអនុវត្តនៅកម្ពុជា។
    សូមបញ្ជក់ថា៖ កិច្ចប្រជុំពិភាក្សានេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ក្រុម ប្រឹក្សា ជាតិ គាំពារ សង្គម និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ប្រមាណជា២០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.