ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមវេទិកាសាធារណៈអ្នកសារព័ត៌មាន ក្រោមប្រធានបទ “បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន” ដែលរៀបចំដោយក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មានដោយផ្ទាល់ និងមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានមកពីសមាគម និងស្ថាប័នសារព័ត៌មាន សរុបប្រមាណ ៤០០នាក់ ។
សូមបញ្ជាក់ថា៖ វេទិកាសាធារណៈអ្នកសារព័ត៌មាន ដែលបានប្រព្រឹត្តទៅពេញមួយរសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងរកចំណុចរួមមួយនៃទំនាក់ទំនងព័ត៌មានរវាងអ្នកសារព័ត៌មានជាមួយនឹងស្ថាប័នពាក់ព័ន្ធ នឹងផ្ដល់ឱកាសជូនអ្នកសារព័ត៌មានក្នុងការផ្លាស់ប្ដូរយោបល់ បទពិសោធន៍ ក៏ដូចជាការចោទសួរសំណួរទៅកាន់មន្ត្រីជំនាញដែលត្រូវផ្ដល់ព័ត៌មាន ឬឆ្លើយតបទៅកាន់អ្នកសារព័ត៌មានផងដែរ៕