ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “ការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ ដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស. ជាមួយក្រុមហ៊ុន HITACHI”។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកយកចំណុចសំខាន់ៗ ចំនួន៣មកធ្វើជារបៀបវារៈក្នុងកិច្ចប្រជុំ ដោយក្នុងនោះរួមមានដូចខាងក្រោម៖
១. បទបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍគម្រោង HAPPINESS ស្តីពី ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស.
២. ការពិនិត្យ និងពិភាក្សាលើវិសាលភាពរបស់គម្រោង និងតម្រូវការចាំបាច់នានារបស់ប្រព័ន្ធ
៣. ជំហានបន្ទាប់ និងការងារពាក់ព័ន្ធផ្សេងៗ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន សម្រាប់អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស.។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបាននូវចំណេះដឹងបច្ចេកទេស និងធាតុចូលសំខាន់ៗ សម្រាប់ជាគន្លឹះក្នុងការរៀបចំមធ្យោបាយ និងយុទ្ធសាស្ត្រ ដើម្បីសម្របសម្រួលដំណើរការស្នើសុំគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់អនុវត្តគម្រោង HAPPINESS ស្តីពី ប្រព័ន្ធ ICT របស់ ប.ស.ស. ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសេវា
អតិថិជន និងទំនាក់ទំនងសាធារណៈ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា២០រូប៕