(ភ្នំពេញ)៖ ការពង្រីកវិសាលភាព នៃកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់នគរបាល និងយោធិនជានារី ត្រូវបានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បើកកិច្ចប្រជុំពិភាក្សាម្តងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ហើយនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបើកកិច្ចប្រជុំបន្តដើម្បីពិភាក្សាលម្អិត និងឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីធ្វើរបាយការណ៌គោរពឆ្លងថ្នាក់ដឹកនាំដើម្បីចាត់នីតិវិធីបន្ត។
ក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដឹកនាំក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស.ចូលរួមដើម្បីពិភាក្សា និងផ្ដល់នូវធាតុចូលសំខាន់ៗបន្ថែមពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំរបស់ ប.ស.ស. ដើម្បីឱ្យការពង្រីកវិសាលទៅដល់នគរបាល និងយោធិនជានារី ដែលជាបុគ្គលពុំទាន់មានចែងនៅក្នុងប្រកាសអន្តរក្រសួងលេខ ២៥២/២៣ កប/ប្រក, ប.ស.ស. ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ស្តីពីការអនុវត្តកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ មានប្រសិទ្ធភាព និងតម្លាភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាពេញមួយរសៀលនេះ ប្រព្រឹត្តទៅនៅអគារ “គ” ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាង ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងការពារជាតិ តំណាងអគ្គនាយកថវិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណជាង ២០រូប៕