(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គវិក្រឹតការស្ដីពី “ការផ្ដល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ក្រោមអធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ។
មានមតិស្វាគមន៍ក្នុងពិធី ឯកឧត្តមបណ្ឌិតអគ្គនាយករង សម្ដែងនូវការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបញ្ចប់ទៅដោយជោគជ័យក្នុងវគ្គវិក្រឹតការនេះ និងទទួលបានវិញ្ញាបនបត្រគ្រប់ៗគ្នា ដែលនេះបង្ហាញពីខិតខំប្រឹងប្រែងសិក្សារៀនសូត្រ អស់ពីកម្លាំងកាយ កម្លាំងចិត្តក្រេបយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ពីគ្រូឧទេ្ទសជំនាញៗ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា សិក្ខាកាមដែលបានទទួលវិញ្ញាបនបត្រនាឱកាសនេះ ពិតជាបានទទួលចំណេះដឹងច្បាស់លាស់ នឹងមានសមត្ថភាពគ្រប់គ្រាន់ អាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធាណៈរបស់ក្រសួងជូនដល់បងប្អូនកម្មករនិយោជិត និយោជក និងសាធារណជន ជាពិសេសបម្រើជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា បានយ៉ាងច្បាស់លាស់ និងល្អប្រសើរ។
មានប្រសាសន៍ក្នុងពិធីខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងឡើងថា ប្រព័ន្ធ Call Center ១២៨៦ និង១២៩៧ ជាចំណុចគោលយ៉ាងសំខាន់សម្រាប់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះក្រុមផ្ដល់ព័ត៌មាននេះ ជាក្រុមជួរមុខដែលត្រូវលះបង់ពេលវេលា កម្លាំងកាយកម្លាំងចិត្ត និងស្មារតីអំណត់អត់ធ្មត់ក្នុងការឆ្លើយតប និងទទួលមតិរិះគន់ ក៏ដូចជាចំងល់ និងតម្រូវការនានារបស់សាធារណៈជន។
ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃចំពោះក្រុមការងារផ្ដល់ព័ត៌មានដែលខិតខំចំណាយពេលវេលាធ្វើការងារផង និងចូលរួមរៀនសូត្របន្ថែមផង។ ប៉ុន្ដែបើទោះបីជាវគ្គវិក្រឹតការនេះ បញ្ចប់ដោយជោគជ័យពិតមែន ក៏ប្អូនៗដែលជាសិក្ខាកាមទាំងអស់ត្រូវតាមដាននឹងធ្វើបច្ចុប្បន្នភាពនូវរាល់ចំណេះដឹងថ្មី ដែលចេញជាបន្ដបន្ទាប់ ដើម្បីកែលំអរនូវរាល់ចំណុចខ្វះខាត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនជាបន្ដបន្ទាប់៕